ខេត្តក្រចេះ៖ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដែលបានធ្វើឡើងនៅភូមិថ្ពង ឃុំស្នួល ស្រុលស្នួល ដោយមានការចូលរួមពីលោក គន់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកស្នួល ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និងមានមន្រ្តីជំនាញថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋក្នុងឃុំស្នួលប្រមាណ ១៨០នាក់ផងដែរ។
នាឱកាសនោះឯកឧត្តម លី ផល្លា បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ពីសុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋនៅស្រុលស្នួល ជាពិសេស ប្រជាពលរដ្ឋនៅឃុំស្នួលទាំងអស់ ។ ជាមួយគ្នានោះឯកឧត្តម លី ផល្លា ក៏បានលើកឡើងពីសមិទ្ធិផផលថ្មីៗដែលសម្រចបាន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកកម្ពុជា និងបានបញ្ជាក់ច្បាស់ពីជំហររបស់រាជរដ្ឋាភិបាល ដែលបានសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA។
ក្នុងវេទិកាសាធារណៈ បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវសំណើ និងសំណូមពរមួយចំនួនទាក់ទងនឹងកិច្ចការងារនៅមូលដ្ឋាន។ ក្រោយពីបានស្តាប់សំណូមពរដែលបានលើកឡើងរបស់ប្រជាពលរដ្ឋដែលបានចូលរួម គណៈអធិបតីក៏បានឲ្យមន្រ្តី ជំនាញពាក់ព័ន្ធនីមួយៗឡើងបកស្រាយជូនប្រជាពលរដ្ឋដែលជាម្ចាស់សំណូមពរ។ ក្នុងចំណោមបញ្ហា និងសំណូមពរចំនួន៦ អង្គវេទិកាព្រឹកនេះ បានបកស្រាយ និងបំភ្លឺ ជូនប្រជាពលរដ្ឋចំនួន ៥ បញ្ហា និងសំណូមពរចំនួនមួយទៀតនឹងត្រូវដោះស្រាយជាបន្តបន្ទាប់៕