ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការអប់រំបណ្តុះបណ្តាលប​ង្កើនចំណេះដឹង និងការពង្រឹង​សមត្ថភា​ពវិជ្ជាជីវៈ ត្រូវតែធ្វើគ្មានទីបញ្ចប់

ឯកឧត្តម​អភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការអ​ប់រំបណ្ដុះបណ្ដាលបង្កើនចំណេះដឹង និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ គឺត្រូវតែធ្វើគ្មានទីបញ្ចប់ ពោលគឺបុគ្គលម្នាក់ៗ ត្រូវតែបន្តសិក្សាស្រាវជ្រាវ ទាំងទ្រឹស្ដី និងបទពិសោធបន្ថែម ភ្ជាប់​នឹងការ​ងារ​ជា​ក់ស្ដែង ដើម្បីធានាប្រសិទ្ធភាពការងារ និងភាពជោគជ័យរបស់អង្គភាព ស្របតាមការវិវត្តរី​កច​ម្រើនរ​បស់​សង្គម វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា។ ការថ្លែងបែបនេះ ក្នុងឱកាសដែល​ឯកឧត្តមអភិ​សន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ចំនួន ៤ ដែលរួមមាន៖ វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៦ វគ្គបំប៉នជំនាញ​ស៊ើបអង្កេតបទល្មើស​សេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់នៅ​បណ្តោះអាសន្ននិង​បាត់មុខ និងវគ្គបណ្តុះបណ្តាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់មន្រ្តីនគរបាលថ្នាក់ក្រោមជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្តិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកការងារសន្តិសុខ ជាតួនាទី​ស្នូ​លដ៏​សំខាន់ ព្រោះបញ្ហានេះពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពប្រជាពលរដ្ឋ និងស្ថិរភាពស​ង្គម​ជាតិ ខណៈបណ្ដាប្រទេសកាន់តែច្រើនឡើងៗ បាននឹងកំពុងប្រឈមនឹងបញ្ហាអសន្តិសុខ ក្នុង​នោះ​ក៏​មានការបង្កឡើងដោយអ្នកនយោបាយប្រឆាំង និងក្រុមឧទ្ទាមផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសប​ញ្ជាក់ដែរថា ក្រុមប្រឆាំងជ្រុលនិយម បានប៉ុនប៉ងផ្ដួល​រំលំរាជរដ្ឋាភិបា​លស្របច្បាប់ជា​ច្រើនលើកមក​ហើយ ប៉ុន្តែបានបរាជ័យដោយសារកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបប្រកប​ដោយការទទួ​លខុ​សត្រូវរបស់សមត្ថកិច្ច និងការចូលរួមការពារសុខសន្តិភាពយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កអសន្តិសុខដើម្បីធ្វើជាឈ្នាន់ប្រជែងអំណាចតាមវិធីក្រៅច្បាប់របស់ក្រុមជ្រុលនិយម។

ភ្ជាប់នឹងការងារសន្តិសុខនេះដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថ្កោលទោសចំ​ពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត និងបានអំ​ពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដា​ក់លើតួនាទីធានាការពា​រសន្តិសុខក្នុង​សង្គម ព្រោះជាក់ស្ដែងណាស់ សហរដ្ឋអាមេរិក តែងតែកើតមានអំពើបាញ់ប្រហារឃោឃៅ រហូតថ្មីៗនេះមានទាំងការប៉ុនប៉ង់សម្លាប់អតីតប្រធានាធិបតី និងក៏ជាបេក្ខជនប្រធានាធិបតី ដោយសារតែភាពជ្រុលនិយមខាងនយោបាយ។

ដោយឡែកពាក់ព័ន្ធនឹ​ងការបណ្ដុះបណ្ដាលមន្រ្តីនរបាលជាតិ ដែលជាផ្នែកមួយយ៉ា​ងសំខាន់ក្នុងកា​រគាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ត្រង់មុំ​ធនធានមនុស្ស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហើបឱ្យដឹងថា សព្វថ្ងៃមានមន្រ្តីនគរ​បាលកម្ពុជា ចំនួន ៨រូប កំពុងតែសិក្សានៅប្រទេសតួកគី ដែលចំនួននេះ នឹងកើនឡើងទ្វេដងនៅ​ឆ្នាំបន្ទាប់ ប្រសិនបើនគរបាលទាំងនោះ សិក្សាបានលទ្ធផលល្អ ជាពិសេសមានការគោរពវិន័​យបា​នត្រឹមត្រូវ។

យោងតាមរបាយការណ៍ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានប​ណ្ឌិត្យស​ភានគរបា​លកម្ពុជា វគ្គបណ្ដុះបណ្ដាលទាំងបួនវគ្គនេះ មានសិក្ខាកាមជាមន្រ្តីនគរបាលជាតិ ចូលរួមចំនួន ៥០៦នាក់ ក្នុងនោះសិក្ខាកាមទទួលបានជ័យលាភី មានជាង ៤០០នាក់ ដោយសាលា បានធ្វើមូលវិចារអំពីការគោរពវិន័យរបស់សិក្ខាកាមម្នាក់ៗ គោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូន​អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានធនធានមនុស្សផងដែរ។

តំណាងសិក្ខាកាមជ័យលាភី បានឡើងគោរពថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី នៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលផ្ដល់គោលការណ៍​និងដឹកនាំឱ្យ​រៀបចំវគ្គបណ្ដុះបណ្ដាលជំនាញទាំង៤ និងបានប្ដេជ្ញាចិត្តបម្រើប្រជាព​លរដ្ឋប្រកបដោយ​ភាពស្មោះត្រង់ គោរពអនុវត្តតាមបទបញ្ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ការដឹកនាំរបស់ឯក​ឧត្តមអភិសន្តិបណ្ឌិត អនុវត្តវិន័យនគរបាលជាតិកម្ពុជា និងបន្តស្វ័យសិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រីកចំណេះដឹងបម្រើការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

Leave a Reply

Your email address will not be published.