(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្ត ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុក សឿន សមាជិកក្រុមប្រឹក្សាខេត្ត លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ។
បន្ទាប់ពីជួបប្រជុំពិភាក្សារួចមកក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរង ខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម អស់លោក លោកស្រី ដែលបាននិងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្ត ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃវិស័យអប់រំ ក្នុងខេត្តឲ្យមានការរីកចម្រើនឈានឡើង។
ទន្ទឹមជាមួយគ្នានោះលោក យឹម សំណាង បានសង្ឃឹមយ៉ាងមុតមាំថា៖ អស់លោក លោកស្រី និងចូលយ៉ាងសកម្មក្នុងការផ្ដល់ធាតុចូលសំខាន់ៗ សម្រាប់កិច្ចប្រជុំនាពេលនេះ ដើម្បីក្រុមការងារមានលទ្ធភាព កំណត់ទិសដៅរួមគ្នាក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។ទន្ទឹមជាមួយគ្នានោះគណៈកម្មការសូមអញ្ជើញចូលរួមទាំងអស់គ្នា ក្នុងការឧទ្ទេសនាម និងធ្វើប្រតិទិន និងកំណត់ឈ្មោះសាលា ដើម្បីត្រៀមខ្លួនធ្វើការប្រកួតនៅថ្ងៃខាងមុខផងដែរ៕