(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ។
លោក ទុន ណេត អតីតអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ដែលត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ជំនួសលោក ប៊ិន ឡាដា ដែលត្រូវទទួលមុខតំណែងថ្មី។
នាឱកាសនោះឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់លោក ទុន ណេត ត្រូវប្រែក្លាយការប្តេជ្ញាចិត្ត ពេលចូលកាន់តំណែងជាអភិបាលស្រុកកំពង់សៀម ទៅជាឆន្ទៈក្នុងការអនុវត្តជាក់ស្តែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត។
អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈ អភិបាល និងមន្ត្រីសាលាស្រុកកំពង់សៀមទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបាន លទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក ៕