(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។
កិច្ចប្រជុំលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តថ្ងៃនេះមានសេចក្ដីព្រាងរបៀបវារៈចំនួន ៨សំខាន់ៗ ត្រូវលើកមកពិនិត្យពិភាក្សានិង អនុម័ត លើសេចក្ដីព្រាង និងសម្រេចរបស់សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានបំពេញការងារស្នូលរបស់ខ្លួនជាច្រើនជាពិសេសបានបំពេញតួនាទីក្នុងកិច្ចការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកិច្ចការសង្គមក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាលនិងកិច្ចសហការល្អពីបណ្ដាលក្រុង/ស្រុកមន្ទីរអង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិលលើវិស័យឯកជនក្នុងការសម្របសម្រួលឲ្យចូលវិនិយោគបានតាមកម្រិត ៣ឆ្នាំ របស់រដ្ឋបាលខេត្តឆ្នាំ២០២៤_២០២៦ ស្របតាមយុទ្ធសាស្ត្របញ្ចាក់កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលរដ្ឋសភា គឺអាណត្តិទី ៧ គោលនយោបាយកែទម្រង់មន្ត្រីរាជការលើវិស័យច្បាប់ស្ដីអំពីការគ្រប់គ្រងរដ្ឋបាលរាជធានីក្រុង/ស្រុក សម្រាប់ រាជរដ្ឋាភិបាលតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងផែនការយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សេវារដ្ឋបាលសេវាសាធារណៈឲ្យមានប្រកបដោយប្រសិទ្ធភាពបានខ្ពស់ លទ្ធភាព យុត្តិធម៌ សច្ចធម៌ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរជាងមុនបន្តទៅទៀត។
ឯកឧត្តម ប្លែក វ៉ារី បានថ្លែងការកោតសរសើរទៅដល់រដ្ឋបាលខេត្តបន្ទាយមានជ័យមន្ទីរអង្គភាពរដ្ឋបាលក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធដែលបានធ្វើការបំពេញភារកិច្ចរបស់ខ្លួន បានទទួលភាពល្អប្រសើរនិងសូមឲ្យបន្តលើកកម្ពស់កិច្ចការងារសង្គមបន្តទៀត។
ឯកឧត្តមបានបន្តទៀតថា ពេលបច្ចុប្បន្ននៅខាងមុខនេះរដ្ឋបាលខេត្តបន្ទាយមានជ័យ គឺនៅតែមានបញ្ហាប្រឈមមួយចំនួននៅតែមានការលើកឡើងដូចជា គ្រោះថ្នាក់ចរាចរណ៍បញ្ហាគ្រឿងញៀន ក្មេងទំនើង។ល។ ដូច្នេះសូមឲ្យមន្ត្រីជំនាញពាក់ព័ន្ធ នឹងត្រូវតែសហការ បង្ក្រាបទប់ស្កាត់ រាល់បទល្មើសនិងកាត់បន្ថយកុំឲ្យមានបញ្ហាប្រឈមដូចខាងលើនេះផងដែរ៕