ខេត្តព្រៃវែង៖ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែងនាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានសំដែងការកោតសរសើរ ចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបំរើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយយកចិត្តទុកដាក់បំផុត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ ឃើញថា មានការរីកចម្រើនក្នុងវិស័យសុខាភិបាល ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ អនាម័យ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានការរៀបចំមានឯកសណ្ឋានបានស្អាត និងមានលក្ខណៈសមរម្យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យបានផ្តល់អនុសាសន៍ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដើម្បីជំរុញការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត រួមមាន៖
– បង្កើនការយកចិត្តទុកលើការងារអនាម័យ និងភាពស្អាតក្នុងទីតាំងផ្តល់សេវាថែទាំ ព្យាបាល ដែលជាផ្នែកសំខាន់មិនអាចខ្វះបាន ចូលរួមជាមួយប្រសិទ្ធភាពនៃការព្យាបាលឆាប់ជាសះស្បើយ។
– ពង្រឹងគុណភាព លើសម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ។
– ពង្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំណុចខ្លាំង និងចំណុចដែលត្រូវបំពេញ ដើម្បីឈានទៅការបណ្តុះបណ្តាលជាប់ជាប្រចាំ
– ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារទាំងអស់អោយបានគង់វង្សយូរអង្វែង។
– បន្តបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយៈវិធានការបង្ការរោគ។
– ត្រៀមទាំងលក្ខណៈបច្ចេកទេស និងធនធានមនុស្ស សម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្នបន្ទាន់ៗ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
– ផ្តល់ឱកាសទូលំទូលាយ ទទួលយកនូវព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ បងប្អូនអ្នកជំងឺ និងអ្នកជំងឺ ការពេញចិត្តពេញថ្លើមរបស់គាត់ និងការផ្តល់ជាគំនិតស្ថាបនា។
– បង្កើនសមត្ថភាពថែទាំសម្ភារៈបរិក្ខារ និងអគារថែទាំព្យាបាលឱ្យបានល្អ និងនៅរក្សាបានដំណើរការប្រកបដោយគុណភាព និងយូរអង្វែង។
– រួមគ្នាគិតពិចារណារិះរកមធ្យោបាយពង្រីកសេវាជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសកល។
– បង្កើនជាប់ជាប្រចាំ និងកាន់តែខ្លាំងក្លា ទូលំទូលាយសកម្មភាពអប់រំសុខភាព លើកកំពស់សុខភាព ពីវិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងទាំងក្នុងសហគមន៍។ទន្ទឹមនោះ
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានធ្វើការផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា សាមគ្គីភាពភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជាប្រយោជន៍រួមធានា ការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕