ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងចំពោះ​វីរភាពកម្លាំងប្រតិប​ត្តិការស្រង់​គ្រាប់យុទ្ធភ​ណ្ឌសល់ពី​សម័យសង្គ្រាមរាប់ម៉ឺនគ្រាប់នៅបាតទន្លេ

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ និងជាប្រធានក្រុម​ការងា​រអន្តរក្រ​សួង ដើម្បីចុះសិ​ក្សា និងដោះស្រាយករ​ណីរកឃើញ​គ្រាប់យុទ្ធភ​ណ្ឌមិនទាន់ផ្ទុះ​ក្នុងនាវាដែ​ល​លិចក្នុង​ទន្លេ និងសមុទ្រ បានបង្ហាញនូវក្ដីស្ញប់ស្ញែង​ចំពោះវីរភាព​របស់​កម្លាំ​ងប្រ​តិបត្តិកា​របោសសម្អាតគ្រាប់យុទ្ធភណ្ឌមិ​នទាន់ផ្ទុះ និង​ស្រង់នាវាលិចក្នុងបាតទន្លេ ទាំងកម្លាំ​ងស៊ីម៉ាក់ (CMAC) និងកម្លាំងនគ​របាល​ជាតិ ដែលកំពុងធ្វើប្រតិបត្តិការ ប្រកបដោយ​បច្ចេក​ទេស​ខ្ពស់ និងភាពអង់​អាចក្លាហានដ៏អស្ចារ្យនៅកណ្ដាល​ទន្លេ ស្ថិតក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តក​ណ្ដាល និងស្រុកពាមជរ ខេត្តព្រៃវែង។

ក្នុងពិធីសំណេះសំណា​លរៀបចំនៅ​ស្រុក​លើក​ដែក ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ដែលទើបដឹ​កនាំប្រតិ​ភូអន្តរក្រសួង ធ្វើដំ​ណើរតាមអូប័រ ដើម្បីពិនិត្យ និងសួរសុខទុក្ខកម្លាំង​ប្រតិបត្តិការនៅក​ណ្ដាលទ​ន្លេ បានចាត់ទុក​បេស​កកម្មនេះថា ការ​យក​អាយុជីវិតប្ដូរយក​សន្តិសុខ និងសុវត្ថិភា​ពជូនប្រ​ជាជន និ​ងមានតម្លៃជាប្រវត្តិ​សាស្រ្តសម្រាប់ជាតិខ្មែរ ដែល​ឆ្លងកាត់សង្គ្រាម និងបន្សល់នូវគ្រាប់​យុទ្ធភណ្ឌ រួមទាំង​សំណ​ល់ជាតិផ្ទុះទាំ​ងលើដី ក្នុង​ដី និងក្រោម​ទឹក ស្ទើគ្រប់ទីកន្លែង។

ឯកឧត្តមអភិ​សន្តិបណ្ឌិត ឧបនាយ​ករដ្ឋមន្រ្តី ក៏បាន​មានប្រសា​សន៍ថា ចាប់តាំងពីប្រទេសកម្ពុជា ទទួល​បានសុខសន្តិភាពពេញលេញក្រោមន​យោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនា​យករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធស​ភា អត្រាព​លរដ្ឋស្លាប់ និងរបួស​ដោយគ្រាប់មីន និងយុទ្ធភ​ណ្ឌមិនទាន់ផ្ទុះ បានឈ​រនៅ​លំដាប់ខ្ពស់​គួរឱ្យបារម្ភ ប៉ុន្តែដោយសារ​បេសកកម្មរបស់កម្លាំងជំនាញ ដោយមា​នការគាំទ្រពី​បណ្ដាដៃគូជាតិ និងអន្តរជាតិ បានធ្វើឱ្យបញ្ហានេះ​ធូរស្រាលពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ ជំនួសម​កវិញនូវការប្រឈ​មដោ​យគ្រោះថ្នាក់ចរាចរណ៍។

គួរកតត់សម្គា​ល់ថា កម្លាំង​ដែលកំពុងធ្វើប្រតិបត្តិកា​របោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និង​ស្រង់​នាវាលិចក្នុង​បាតទន្លេ នៅភូមិ​សាស្រ្តស្រុកលើ​កដែក ប្រ​សប់នឹ​ងស្រុក​ពាមជរ នេះ មានកម្លាំង​ស៊ីម៉ាក់ ចំនួន ២១​៤នាក់ និងកង​កម្លាំងនគរបា​លជាតិ ចំនួន ៦នាក់។ ប្រតិ​បត្តិការនេះ បានអនុវត្តចា​ប់ពីខែកុម្ភៈ ឆ្នាំ២០​២៣ បន្ទាប់​ពីបញ្ចប់ដោ​យជោគជ័យសម្រាប់ប្រតិបត្តិការនៅស្រុកស្រីសន្ធរ ខេត្តកំព​ង់ចាម ដែល​កាលណោះសម្ដេចក្រឡាហោ​ម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងមហាផ្ទៃ ក៏ធ្លាប​បានអញ្ជើញសួរសុខទុក្ខ និងត្រួតពិនិត្យដោ​យផ្ទាល់ដូចគ្នាដែរ។

យោងតា​មរបាយការណ៍ថ្លែងដោយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក​ជាអគ្គនាយ​កមជ្ឈមណ្ឌល​សកម្មភា​ពកំចា​ត់មីនកម្ពុជា ប្រតិបត្តិ​ការដែលបាននឹងកំពុងអនុវត្តនេះ បានស្រង់គ្រា​ប់ ចំនួន ២​៤.៦៩​៩គ្រាប់ បំណែ​កដែ​កនា​វានិ​ងបំបែងយុទ្ធភណ្ឌសង្គ្រាម ចំនួនជាង ២៧​តោន ក្នុង​នោះមានគ្រាប់យុទ្ធភណ្ឌដែ​លស្រង់បាន ត្រូវដឹ​កយកទៅកា​ន់ខេត្តកំពង់ឆ្នាំង ដើម្បី​ដោះបន្សា​បបា​ន ចំនួន ​៨.២៤​៦គ្រាប់ ​និងកម្ទេច​ចោលបាន​ ចំនួន ១៣.០៣៧គ្រាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនា​មសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងក្នុងនា​មប្រជាជនកម្ពុ​ជាទាំងមូល បានមា​នប្រសា​សន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក​ម្លាំងប្រតិបត្តិការ ដោយក្នុងឱកា​សនោះដែរ ឯ​កឧត្តមអភិសន្តិបណ្ឌិត ក៏បានឧត្ថម្ភថវិ​កាដល់​អង្គភាព​ស៊ីម៉ាក់ ចំនួន​ ២ម៉ឺនដុល្លារអាមេរិ​ក ឧបត្ថម្ភកងកម្លាំ​ងប្រតិបត្តិការទាំង ​២២០នាក់ ក្នុងម្នាក់ៗ ២០ម៉ឺន​រៀល បន្ថែមលើ​ការឧបត្ថម្ភដល់ទីបញ្ជាការ​ដ្ឋានប្រតិបត្តិការ រួមទាំ​ងអង្ករ មី ត្រីខ​ ទឹកក្រូច ទឹកផ្លែឈើ និងទឹកបរិ​សុទ្ធ៕

Leave a Reply

Your email address will not be published.