ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទានទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសទូទាំងខេត្តប៉ៃលិន ចំនួន ៣៥វត្ត នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្តសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន បានមនប្ហរសាសន៍លើកឡើង ថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់យ៉ាង ខ្លាំង បំផុតចំពោះវឌ្ឍនភាព និងសុខដុមនីយកម្មសាសនា ហើយក្នុងនោះវិស័យពុទ្ធចក្រ និងអាណាចក្រ ក៍មានការរីក ចម្រើនទន្ទឹមគ្នាក្រោមបរិយាកាសសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យដែលជាចលករធ្វើ អោយពុទ្ធបរិស័ទមានជីវភាពធូរធារ និងបានចូលរួមកសាងទីវត្តអារាមឱ្យមានការរីកចម្រើនជាលំដាប់ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃក្នុងពុទ្ធសាសនា គឺជាអំឡុងពេលដ៏សំខាន់ ដើម្បីឲ្យភិក្ខុ សាមណេរ បានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងបដិបត្តិធម៌វិន័យ ឱ្យបានខ្ជាប់ ខ្ជួនតាមពុទ្ធប្បញ្ញត្តិរយៈពេល ០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ហើយការនាំយក គ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកវេរប្រគេនដល់ព្រះសង្ឃកំពុងគង់ចាំព្រះវស្សា អស់ កាលត្រីមាស នាពេលនេះ គឺដើម្បីដោះស្រាយការលំបាករបស់ព្រះសង្ឃ ដែលកំពុងបដិបត្តិធម៌ និងសិក្សារៀនសូត្រនូវធម៌វិន័យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។
ជាមួយគ្នានេះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើន ការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ពី ព្រោះ រដូវនេះ ជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង ជាយថាហេតុ ហើយបើមានបញ្ហាកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបាន លឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួម សម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន ។
សូមបញ្ជាក់ថា៖ លោកជំទាវអភិបាលខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានប្រគេនដល់ព្រះសង្ឃដែល គង់ចាំ ព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន ៣៥វត្ត ដោយក្នុង១វត្តៗទទួលបាន ៖ ទៀនព្រះវស្សា អង្ករ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ ត្រីខ មី តែ ស្ករស និងបច្ច័យមួយចំនួនផងដែរ៕