ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៩៣ ជូនគ្រួសារស្ត្រីមេម៉ាយក្រីក្រ នៅភូមិរហាល ឃុំដូនកែវ ស្រុកពួក

(ខេត្តសៀមរាប)លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមក្រុមការងារ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញកាត់ខ្សែបូប្រគល់ផ្ទះមនុស្សធម៌ទី៩៣ ដែលផ្ដួចផ្ដើមគំនិតសាងសង់ដោយ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ជូនដល់បងស្រីឈ្មោះ ឡាច ពៃ អាយុ ៥០ឆ្នាំ ជាស្ត្រីមេម៉ាយក្រីក្រ ពិការជើងខាងស្តាំ និងមានកូនស្រីម្នាក់ អាយុ១៣ឆ្នាំ នៅក្នុងបន្ទុក រៀនថ្នាក់ទី ៧ រស់នៅភូមិរហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

ផ្ទះមនុស្សធម៌នេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥ម៉ែត្រ ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ យី សុភា ព្រមទាំងបុត្រ ដែលជាសប្បុរសជននៅរាជធានីភ្នំពេញ ផ្តល់តាមរយៈ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលមានទឹកប្រាក់សរុបចំនួន ៣​ ៨០០ដុល្លារ។

នាឱកាសនោះលោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។

លោកជំទាវ ក៏បានបន្ថែមទៀតថា ថ្ងៃនេះជីដូន ជីតា អ៊ុំពូមីង នឹងបន្តជួយជ្រោមជ្រែងផ្តល់នូវកម្លាំងចិត្ត និងចូលរួមត្រេកអរចំពោះផ្ទះមនុស្សធម៌នេះ ដែលផ្ទះនេះនឹងក្លាយជាជំរកដ៏កក់ក្តៅសម្រាប់គ្រួសារបងស្រី ឡាច ពៃ និងកូនស្រី ហើយក៏ត្រូវបន្តជំរុញកូនស្រី ដែលជាពន្លកនៃក្តីសង្ឃឹមរបស់បងស្រីទៅអនាគត ឱ្យបានទៅសិក្សារៀនសូត្រ រហូតបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ និងបន្តទៅសាកលវិទ្យាល័យទៀតផង។

លោកជំទាវ ក៏បានក្រើនរម្លឹកដល់ជីដូន ជីតា អ៊ុំពូមីង ត្រូវប្រុងប្រយ័ត្នចំពោះខ្យល់ ផ្គររន្ទះ ពេលមានភ្លៀងខ្យល់ គឺត្រូវរកទីកន្លែងសុវត្ថិភាព ជាពិសេសសុខភាពជារឿងសំខាន់ ដោយត្រូវយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន និងកូនចៅតូចៗ ដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗនៅក្នុងរដូវវស្សានេះ ព្រមទាំងប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារតូចៗ នៅពេលអូរ បឹង ប្រឡាយ និងស្ទឹង ពោរពេញទៅដោយទឹកនារដូវវស្សា ដែលតែងបង្កនូវគ្រោះមហន្តរាយផ្សេងៗ។ ម៉្យាងទៀតនៅពេលឃើញថាសមាជិកក្នុងក្រុមគ្រួសារ មានអាការៈសុខភាពមិនប្រក្រតី ឬមានកើតនូវជំងឺអ្វីនោះ សូមប្រញ៉ាប់នាំយកទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត៕

Leave a Reply

Your email address will not be published.