ព័ត៌មានជាតិ

បញ្ជូនខ្លួនជនជាតិថៃ​២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីរក្សាទុក  និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​

(បន្ទាយមានជ័យ​) កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ​ ចំនួន០២នាក់៖ ១-ឈ្មោះ គីតទីសាក់ ផុងស៊ីកាវ ហៅបៀ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត,​ ២-ឈ្មោះ ណង គុនឈាន  ហៅ ណាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត​។ ក្នុងប្រតិបត្តិការ​នោះកម្លាំងចាប់យកវត្ថុតាងរួមមាន​៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន ០១ថង់កិប ស្មើនឹង១៣គ្រាប់ ទម្ងន់១,៤៤ក្រាម,​ ទូរស័ព្ទ ចំនួន០២គ្រឿង(ម៉ាកIPhone11 ពណ៌ស្វាយ, ម៉ាកHUAWEIពណ៌ស្វាយ)​ និងកាបូបស្ពាយ ចំនួន០១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា​ មុនឈានដល់ការបង្ក្រាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានបុរសជនជាតិថៃចំនួន២នាក់កំពុងជក់គ្រឿងញៀននៅចំណុចផ្សាររាត្រីទឹកពុះ ភ្លាមៗនោះលោកបានដឹកនាំកម្លាំង​ចុះទៅដល់ចំណុចកើតហេតុហើយធ្វើការឃាត់ខ្លួនតែម្ដង ព្រមទាំងឆែកឆេររកឃើញមានគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​បានឆ្លើយសារ​ភាពថា​ ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុកដើម្បីប្រើប្រាស់ពិតប្រាកដមែន។​ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។

​លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ បច្ចុប្បន្ន ជនសង្ស័យ​រួមនឹងវត្ថុតាងត្រូវបាន បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃសៅរ៍ ទី១៣​ ខែកក្កដា​​​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.