ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអភិបា​លខេត្តស្ទឹងត្រែងថ្មី យកចិត្តទុកដាក់លើ​ការផ្តល់​សេ​វា​សាធារណៈជូនពលរដ្ឋ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

(ស្ទឹងត្រែង) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​ផ្ដល់អនុសាសន៍ និងគោលការណ៍ណែនាំគន្លឹះៗ ទៅកាន់អភិបាលខេត្តស្ទឹងត្រែងថ្មី ឯកឧត្តម សរ សុពុត្រា ឱ្យការបន្តថែរក្សានិងពង្រឹងសន្តិភាព ស្ថិរភាពនយោបា​យ សន្តិសុ​​​ខសណ្តាប់​ធ្នាប់សាធារ​ណៈ ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការផ្តល់សេវា​សាធារណៈ ជូនប្រជាព​លរដ្ឋក្នុងមូលដ្ឋាន ការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ការដោះស្រា​យ​ជ​ម្លោះដីធ្លី ការទប់ស្កាត់រាល់បទល្មើសរំលោភកាន់កាប់ដីរដ្ឋ ព្រៃឈើ និងការបំផ្លិចបំផ្លាញ​សម្ប​ត្តិធ​ម្ម​ជាតិ កំណែទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបប​បំពេញ​ការងារ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ពិធីប្រកាស​ចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់រ​ដ្ឋបាលខេត្ត​ស្ទឹង​ត្រែង យកចិត្តទុកដាក់ដឹកនាំការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ពិសេសការចរាច​រណ៍ឆ្លង​កាត់ព្រំដែន ពង្រឹងការធានាសុវត្ថិភាពម្ហូបអាហារនិងឱសថ ពិសេសការអប់​រំនិងបញ្ចៀ​សកុំឱ្យ​កុមារតូច ទទួលទានអាហារផ្អែមច្រើនលើសកម្រិត ពិនិត្យលទ្ធភាពឈានទៅកាត់បន្ថយ និងបញ្ចប់​កា​រផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ពង្រឹងគុណភាពសេវាផ្សេងៗ រួមទាំងសេវា​អត្តសញ្ញាណកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយអាជ្ញាធរជាប់ព្រំដែន។

សូមបញ្ជាក់​ថា ឯកឧត្តម សរ សុពុត្រា ឋានន្តរស័ក្តិឧត្ត​មមន្ត្រី ថ្នាក់លេខ៤ ​អតីត​អភិបាលរងនៃ​គណៈអ​ភិបាលខេត្តកំព​ង់ស្ពឺ ត្រូវបានតែងតាំ​ងជាអភិបាលនៃគណៈ​អភិបាលខេត្តស្ទឹងត្រែង ជំនួស​ឯកឧត្តម ស្វាយ សំអ៊ាង ដែលត្រូវតែ​ងតាំងតួនាទីថ្មី​ជារដ្ឋលេ​ខាធិការក្រសួងមហាផ្ទៃ៕

Leave a Reply

Your email address will not be published.