ប៉ៃលិន៖ ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារមូលនីធិ និងយុវជន សសយក បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកតា លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិ ។
លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។
លោកជំទាវប្រធានមូលនីធិ បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីកចម្រើន លើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័នរូបវ័ន្ននានា រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ មូលនិធិចាស់ជរានេះ បានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរ ដើម្បីចិញ្ចឹមជីវិតបាន ក៍ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ ។
លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរា តែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ បានធូរស្រាលមួយកម្រឹតធំ ។
សូមបញ្ជាក់ថា៖ មូលនិធិចាស់ជរា ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ កក្កដា ឆ្នាំ២០២៤ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៥៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល រួមទាំងឃីត១កញ្ចប់ ផងដែរ៕