(បន្ទាយមានជ័យ )៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទីទី០៣ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី–មរណៈ ចំនួន៨១នាក់ ដើម្បីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)។ពិធីនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង–ស្រុកទាំង៩ និងយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី–មរណៈ សរុបចំនួន៨១នាក់ផងដែរ។
នាឱកាសនោះលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់បងប្អូនយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី–មរណៈ ដោយក្តីនឹករលឹកផងដែរ។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានរំឭកអំពីភាពអង់អាចក្លាហានរបស់យោធិន ដែលបានខិតខំតស៊ូពុះពារលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិទាំងមូលរហូតដល់ទទួលបាននូវសុខសន្តិភាពពេញលេញ។
លោកឧត្តមសេនីយត្រី បន្តថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ មួយវិញទៀត លោកឧត្តមសេនីយ៍ត្រី ក៏បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនជាយោធិនចូលនិវត្តន៍ សូមចូលរួមថែរក្សាសុខភាពឱ្យបានល្ឣប្រសើរ ព្រោះសុខភាពគឺជាកត្តាសំខាន់។
ក្នុងពិធីសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកឣំណោយរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ឣគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជឣាវុធហត្ថលើផ្ទៃប្រទេស ចែកជូនដល់យោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី–មរណៈ ចំនួន៨១ នាក់ ក្នុងម្នាក់ៗទទួលបាន មីចំនួន១កេសតូច, ត្រីខ២យួរ,ភេសជ្ជ:២កេស ,,អង្ករ២៥គីឡូក្រាម , សារ៉ុង១ រួមនឹងថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕