ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអភិបា​លខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងធ្វើទំនើ​ប​កម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ

(ខេត្តកណ្តាល) ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបា​លខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ឯក​ឧត្តម​អភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យ​អភិបាល​ខេត្តក​ណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រ​សប់របស់​សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ឯក​ឧត្តម គង់ សោភ័ណ ដែលបានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្ត​កណ្តាល ក្នុងរយៈពេលដែលឯកឧត្តម កាន់មុខតំណែងជាអភិបាលខេត្តកណ្តាល អស់រយៈពេល ៤ឆ្នាំកន្លងម​កនេះ និងបានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះឯក​ឧត្តម គួច ចំរើន ដែលពេលនេះ ឯកឧត្តម ត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាល។

ឯកឧត្តម​អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរង​ខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ មន្រ្តីរាជ​ការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ផ្តល់ការគាំទ្រ និងចូលរួម​ជា​មួយឯ​កឧត្តម គួច ចំរើន ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សា​ធារណៈ និងការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ដើម្បីសម្រចបានវឌ្ឍន​ភាពការងារបន្ថែមទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់នូវគោ​លការណ៍ណែ​នាំលើកិច្ចការអាទិភាពឱ្យរដ្ឋបាលខេត្ត ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពន​យោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹះ​សម្រាប់បង្កបរិយាកាស​ដល់ការ​លើក​កម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និងការដោះស្រាយផលប៉ះ​ពាល់បណ្តាលមកពីវិបត្តិជាស​កល​នានា សំដៅអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យប្រកបដោយចីរភាព និងសុខដុម​នីយកម្មក្នុង​សង្គម។

បន្ថែមលើសពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជំរុញឱ្យរដ្ឋបាលខេត្ត បន្តពង្រឹងការអ​នុវត្តគោលនយោបាយ “ភូមិឃុំសង្កាត់មានសុវត្ថិភាព” ការបង្ក្រាបបទល្មើស​គ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុស​ច្បាប់​គ្រប់ប្រភេទ រួមទាំងក្មេងទំនើង ឱ្យមានប្រសិទ្ធភាពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់​ចេញ​នាពេលកន្លងមក ព្រមទាំងការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេ​ដ្ឋកិ​ច្ចរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈ​តាមច្រកចេញចូល​តែមួ​យនៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីល​ធម៌វិជ្ជាជីវៈរបស់មន្រ្តីក្នុងការបំពេញការងារ ដើម្បីធានាឱ្យប្រ​ជាពលរដ្ឋទទួល​បានសេវារដ្ឋបាលនា​នាកាន់តែមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាប័ន្ន។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានឡើងប្តេជ្ញា​យ៉ា​ង​មុ​តមាំក្នុងការប្រើប្រាស់សមត្ថភាព លះបង់កម្លាំងកាយចិត្ត និងបទពិសោធនក្នុងការដឹ​កនាំការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព​សង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍ និងកសាងសមិទ្ធផលនិងស្នាដៃថ្មីៗបន្ថែមទៀត៕

 

Leave a Reply

Your email address will not be published.