(បន្ទាយមានជ័យ)៖គម្រោងសាងសង់ស្ពានមួយខ្សែ មានប្រវែង ៩០ម៉ែត្រ ទទឹង១០ម៉ែត្រឆ្លងកាត់ស្ទឹងព្រះពន្លា ក្នុងសង្កាត់ព្រះពន្លានៃក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យជាថវិការបស់រាជរដ្ឋាភិបាលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានរៀបចំ បេីកការដ្ឋានសាងសង់ នាព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជី សុីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ការសាងសង់ស្ពានបេតុងមួយខ្សែនេះ ភ្ជាប់ពីភូមិ៣ ឆ្លងកាត់ស្ទឹងទៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លាសំណង់ស្ពានមួយខ្សែនេះ គឺឆ្លងចំវត្តព្រះពន្លាតែម្ដង ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា កាលពីដើមឡើយស្ពាននេះគឺសាងសង់អំពីឈើដំបូលប្រក់ស័ង្កសី កសាងតាំងពីឆ្នាំ១៩៦០មកម្ល៉េះ តែដោយសារស្ពាននេះ មានអាយុកាលវែង មានសភាពចាស់ទ្រុឌទ្រោមបណ្ដាល ឲ្យទឹកហូរបោកបក់យ៉ាងខ្លាំង បាក់រលំនៃឆ្នាំ២០១៨។
ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា ដោយពិនិត្យមើលឃើញពីភាពចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ឆ្លងកាត់ពីតំបន់ទីប្រជុំជនផងនោះ រាជរដ្ឋាភិបាលពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ស្ពានមួយខ្សែនេះតាមរយៈឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ កំណត់យកអាទិភាពគន្លឹះចំនួនប្រាំ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមានផ្លូវស្ពានគឺជាសរសៃឈាមនៃសេដ្ឋកិច្ចអាចបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋបានមួយកម្រិតបន្ថែមទៀត។ ចុងបញ្ចប់នៃកម្មវិធីបើកការដ្ឋាន ឯកឧត្តមបានពាំនាំនូវបច្ច័យ ប្រគេនព្រះសង្ឃ ៦អង្គ ក្នុងមួយអង្គទទួលបានបច្ច័យចំនួន ៤ម៉ឺនរៀល និងចែកជូនប្រជាពលរដ្ឋបងប្អូនដែលចូលរួម៩៩នាក់ ម្នាក់ៗទទួលបាននូវក្រមាមួយផងដែ៕