(បន្ទាយមានជ័យ)៖សូមមានការប្រុងប្រយ័ត្នផងសម្រាប់អ្នករត់តាក់ស៊ី ព្រោះថាកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ២០២៤ នៅចំណុចកំណាត់ផ្លូវជាតិលេខ៥ ព្រំប្រទល់ខេត្តបាត់ដំបង និងភូមិភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីពលរដ្ឋម្នាក់ជាអ្នករត់តាក់ស៊ី ត្រូវបានអ្នកដំណើរបើករថយន្តរត់គេចខ្លួន ខណៈអ្នកបើកបររវល់ចុះបត់ជើងតូច។ក្រោយពីកើតហេតុភ្លាមៗជនរងគ្រោះឈ្មោះ ឆែម ថែរ៉ាត់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិបឹងអណ្តែន ឃុំតាសុះ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាម្ចាស់រថយន្ត ម៉ាកលុចស៊ិស R.X300ពណ៌ទឹកប្រាក់ សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2Q-៧៧០២ លេខតួ.M.C.U.150067105 លេខម៉ាសុីន.1M.Z.0748126 មានមុខរបរ ជាអ្នករត់តាក់ស៊ី បានរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
ពាក់ព័ន្ធករណីខាងលើនេះជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានដឹកភ្ញៀវ(អ្នកដំណើរ) ដល់ចំនុចមួយលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តបាត់ដំបង អ្នកបើកបរបបានចុះបត់ជើងតូចភ្លាមនោះត្រូវបានអ្នកដំណើរអង្គុយកៅអីមុខយករថយន្តរបស់ខ្លួនបើករត់គេចខ្លួន ចូលខេត្តបន្ទាយមានជ័យ ជនរងគ្រោះក៏បានរាយការណ៍ជូននគរបាលជួយអន្តរាគមន៍ ដោយអះអាងថា ខ្លួនត្រូវបានគេលួចរថយន្ត។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់នគរបាលទូទាំងខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ចុះស្រាវជ្រាវ លុះនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលបានរកឃើញរថយន្ត នៅចំនុចវត្តគោកធ្នុង ស្ថិតនៅក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយ (ជនសង្ស័យរត់គេចខ្លួន)។ បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញរួចរាល់។ចំណែកជនបង្កកម្លាំងនគរបាល បន្តការស្រាវជ្រាវលើករណីនេះ ដើម្បីឃាត់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕